Header Ads

រឿង ក្រុងឧត្តុង្គ (នៅខេត្តកំពង់ស្ពឺ)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៤៥ - ៦៧ 

ទីក្រុងឧត្តុង្គ បានត្រូវកសាងឡើង ក្នុងរាជកាល ព្រះបាទសម្ដេចជ័យជេដ្ឋាទី២ ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ពេលនោះទ្រង់គង់នៅព្រះរាជវាំងល្វាឯម បាននាំព្រះអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី និងនាម៉ឺនសព្វមុខមន្ត្ រីខ្ញុំរាជការទាំងពួង ចុះព្រះរាជទីន័ងនាវាស្ដេច យាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង។ 

លុះប្រថាប់នៅព្រះពន្លាជាយូរថ្ងៃទៅ ស្ដេចក៏ចុះទៅយាងក្រសាល នៅទីតាដុង យាយជ័យបានទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទីមានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហប្ញទ័យ ហើយក៏មានតម្រាស់ ចំពោះមន្ត្រីខ្ញុំរាជការទាំងពួង និង ហោរាធិបតីជាដើមថា " បើយើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់អ្នកទាំងពួងយល់ថាម្ដេច? “ ឧកញ៉ាហោរាធិបតី មុំ គន់គូរពិនិត្យមើលដីនោះ ដោយក្បួនហោរាសាស្ត្រ ហើយក្រាបបង្គំទូលថា " ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាមក្បួន ទាយថា នឹងមាន ឫទ្ធិតបៈតេជះឈ្នះអស់សត្រូវទាំង ៨ ទិស " ។ 

កាលបើជ្រាបដូច្នោះ ទ្រង់ក៏ចាត់ឧកញ៉ាក្រឡាហោម កែវ ឲ្យជានាយកចាត់ការ កសាងព្រះរាជវាំង នៅតំបន់ស្រះកែវនោះ មុនស្ដេចយាងត្រឡប់មក ព្រះបរមរាជវាំងល្វាឯមវិញ ។ 

លំដាប់ពីនោះ ឧកញ៉ាក្រឡាហោម កែវ ក៏បង្គាប់ទៅចៅហ្វាយស្រុក ឲ្យកេណ្ឌបណ្ដារាស្ត្រកាប់ ឈើមកធ្វើជាព្រះរាជវាំង តាមព្រះរាជបញ្ជា។ លុះប្រមូលគ្រឿងសម្ភារៈ បានសព្វគ្រប់ហើយ ឧកញ៉ាក្រឡាហោម កែវ បង្គាប់មេការ ឲ្យចាប់ផ្ដើមចាត់ការលើកដី ធ្វើជាបន្ទាយយាមល្បាតជុំវិញ សង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់ធំតូចនិងចុងព្រះរាជរោង ប្រមាណ ១០ ខែ ទើបរួចស្រេច។ 

បន្ទាប់មក ព្រះជ័យជេដ្ឋា ក៏យាងធ្វើដំណើរតាមទន្លេសាប មួយអន្លើ ដោយមាននាំព្រះអគ្គមហេសី ស្នំក្រមការ រាជញាតិ សេនាបតី នាហ្មឺនសព្វមុខមន្ត្រីខ្ញុំរាជការគ្រប់ក្រុមជារាជបរិពារ មកដល់កំពង់តាដុង យាយជ័យ ហើយទ្រង់ប្រថាប់ នៅទីនោះ ៣ រាត្រី ព្រមទាំងមានចាត់បញ្ជា រាជបញ្ញត្តឲ្យហៅទីនោះថា "កំពង់ហ្លួង" ហើយបញ្ជាភ្នាក់មុខក្រសួង ឲ្យរៀបចំធ្វើព្រះរាជពិធី ឡើងព្រះរាជវាំងថ្មី និមន្តព្រះសង្ឃរាជាគណៈ ចម្រើនព្រះបរិត្ត ៣ ថ្ងៃ ចូលព្រះរាជពិធី នៅថ្ងៃ ៥ កើត ខែផល្គុន ឆ្នាំវកទោស័ក ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ហើយព្រះរាជវង្សានុវង្ស អគ្គមហេសី ស្នំក្រមការ សេនាបតី មន្ត្រីខ្ញុំរាជការជារាជបរិពារ ហែស្ដេចឡើង ពីកំពង់ហ្លួង ចូលទៅគង់ក្នុងព្រះរាជវាំងថ្មី រួចរៀបធ្វើព្រះរាជពិធីសម្ពោធព្រះនគរ ៣ថ្ងៃទៀត ដោយមានល្បែងមហោស្រព គ្រប់បែបជាឧឡារិកអធិកអធមក្រៃលែង។ ក្រោយមក ទ្រង់បានតាំងព្រះនាមទីក្រុងថ្មីនោះថា " ព្រះបរមរាជវាំងមហានគរ ឧត្តុង្គមានជ័យ បុរីរម្យឧត្ដម រាជនិវេសនដ្ឋាន " ដែលហៅខ្លីថា " ក្រុងឧត្តុង្គមានជ័យ " ។ 

ទីក្រុងនេះ មានពាក្យអ្នកស្រុកនិទានតៗ គ្នា ជារឿងព្រេង មានឈ្មោះថា តាដុងយាយជ័យ។ សូមរង់ចាំអាន នៅភាគបន្ត។ 

អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments